នៅព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយអោយប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍អភ័យទោសទុកមុនចំពោះបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករ ចំពោះកង្វល់នៃកង្វះអគ្គីសនីដែលអាចកើតមានឡើងនាមពេលខាងមុខ។

ការផលិតអគ្គីសនីដោយថាមពលទឹកអាចជួបនឹងបញ្ហាដោយសារកម្រិតទឹកធ្លាក់ចុះទាបទៅៗ។ វារីអគ្គីសនីគឺត្រូវការទឹក រីឯសូឡា (solar) គឺត្រូវការពន្លឺព្រះអាទិត្យ ។ តាមការបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល កាលម្សិលមិញ គឺការផលិតថាមពលអគ្គីសនីដើរដោយកម្លាំងទឹកដែលមានកម្លាំងប្រមាណ ១,៣២៨ មេហ្គាវ៉ាត់ ធ្លាក់ចុះមកត្រឹម ១៨៤ -១៨៧ មេហ្គាវ៉ាត់តែប៉ុណ្ណោះ ដែលការធ្លាក់ចុះនេះមិនទាន់ដល់ខែប្រាំងផង ដូច្នេះយើងអាចនឹងប្រឈមនឹងបញ្ហាក្នុងការផលិតអគ្គីសនី។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជាទិញថាមពលអគ្គីសនីប្រមាណ ២០០មេហ្គាវ៉ាត់ពីប្រទេសឡាវដើម្បីដោះស្រាយបញ្ហានេះ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានបញ្ជាទិញម៉ាស៊ីនផលិតថាមពលអគ្គីសនីចំនួន២ ដែលមានអនុភាពផលិតកម្លាំង ៤០០ មេហ្គាវ៉ាត់ ដែលនឹងដាក់នៅទីតាំងល្វាឯម ខេត្តកណ្តាល ដើម្បីដោះស្រាយកង្វះអគ្គិសនីនៅក្នុងរាជធានីភ្នំពេញ។ យើងសង្ឃឹមថាការរៀបចំតម្លើងនឹងរួចរាល់នៅខែមេសា ឬឧសភា ឆ្នាំ២០២០ ដែលត្រូវចំណាយថវិកាប្រមាណជិត ៤០០ លានដុល្លាអាមេរិក (ម៉ាស៊ីអគ្គីសនី ២០០មេហ្គាវ៉ាត់ ទិញមកពីប្រទេសអាល្លឺម៉ង់ និង ម៉ាស៊ីអគ្គីសនី ២០០ មេហ្គាវ៉ាត់មួយទៀតទិញមកពីប្រទេសហ្វាំងឡង់។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យ ឯឧ ស៊ុយ សែម រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល បង្កើនចំនួនកម្មករធ្វើការងារទាំងយប់ទាំងថ្ងៃនៅការដ្ឋាន ដើម្បីឈានឲ្យគម្រោងរៀបចំអគ្គីសនីនេះអាច បានដំណើរការលឿនឆាប់ៗ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ម្ចាស់សណ្ឋាគារទាំងឡាយ សូមប្រើប្រាស់ម៉ាស៊ីអគ្គីសនីផ្ទាល់ខ្លួនបណ្តោះអាសន្នសិន ក្នុងករណីមានបញ្ហាអគ្គីសនី ទម្រាំរដ្ឋាភិបាលរៀបចំរួចរាល់ហើយ៕