នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ សម្ដេចតេជោបានលើកឡើងនៅលើគេហទំព័រហ្វេសប៊ុករបស់សម្ដេចថា​៖​ ជនរួមជាតិខ្លះប្រាកដជាឆ្ងល់ព្រោះឃើញខ្ញុំកាន់ជាប់ជានិច្ចនូវកាបូបដៃតូចមួយទោះទៅដល់ទីណាក៏ដោយ។

 

ក្នុងកាបូបនេះគឺមានផ្ទុកទូរស័ព្វចំនួន ៥ ដែលសម្រាប់តាមដានមើល ស្តាប់ និងទទួលព័ត៌មានដែលសហការីបានផ្ញើជូននៅរៀងរាល់នាទី។

ខ្ញុំទទួលស្គាល់ច្បាស់ថា បច្ចេកវិទ្យាព័ត៌មាន គឺមានសារប្រយោជន៍សំខាន់បំផុតដល់ការអភិវឌ្ឍន៍ និងថែរក្សាស្ថេរភាពសន្តិសុខសង្គមជាតិ។  ខ្ញុំសូមថ្នាក់ដឹកនាំ និង មន្រ្តីរាជការទូទាំងប្រទេសសិក្សារៀនសូត្របន្ថែមអំពីរបៀបប្រើប្រាស់សំភារះបច្ចេកវិទ្យាជាពិសេស Smart Phone អោយទាន់ការវិវឌ្ឍន៍ជឿនលឿនដែលនាំមកនូវអត្ថប្រយោជន៍ច្រើនដល់ការងារប្រចាំថ្ងៃ និង ផ្តល់នូវផលប្រយោជន៍កាន់តែច្រើនដល់សង្គមជាតិយើងទាំងមូល។

ទោះបីខ្ញុំទៅដល់ទីណា ខ្ញុំតែងតែមានអារម្មណ៍នៅជិតជាមួយប្រជាពលរដ្ឋ ព្រោះបានស្តាប់ បានឃើញ និងបានដឹងអំពីសុខទុក្ខរបស់បងប្អូនជនរួមជាតិនៅគ្រប់ទីកន្លែងទាំងអស់។ ព្រោះសុខទុក្ខរបស់បងប្អូនជនរួមជាតិ គឺជាសុខទុក្ខរបស់ខ្ញុំផ្ទាល់ផងដែរ ។ អ្វីដែលសំខាន់ជាងទៀត គឺខ្ញុំបានដោះស្រាយបញ្ហាទាន់ពេលទៅនឹងការសុំយោបល់របស់ថ្នាក់ដឹកនាំនៃស្ថាបន័របស់រាជរដ្ឋាភិបាលដែលត្រូវការយោបល់ ឬការសំរេចរបស់ខ្ញុំលើបញ្ហា បន្ទាន់ទាក់ទងនិងកិច្ចការក្នុងក្រៅប្រទេសមួយចំនួន។

សូមមើលរូបភាពដែលភ្ជាប់មកជាមួយនេះ គឺសូម្បីតែនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនិងនៅកន្លែងផ្សេងទៀត ក៏ខ្ញុំនៅតែមានលទ្ធភាពភ្ជាប់ខ្លួនមក ដោះស្រាយការងារបានដែរ៕