នៅរសៀលថ្ងៃទី១៣ ខែមករា​ ឆ្នាំ២០១៦ នៅលើគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោបានសម្រេចបញ្ឈប់មិនអោយយកលុយទាំងស្រុងពីអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ ដោយមានសំណេរអត្ថបទដើមទាំងស្រុងយ៉ាងដូច្នេះថា​ ៖​

 

បានជនរួមជាតិជាទីស្រឡាញ់!

កង្វល់និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ គឺជាកង្វល់និងការព្រួបារម្ភរបស់ខ្ញុំផ្ទាល់។ ជាពិសេសពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៤ និងប្រជាពលរដ្ឋទូទាំងប្រទេសដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះទាំងអស់គឺបានសំណូមពរមករាជរដ្ឋាភិបាល និងខ្ញុំផ្ទាល់អំពីការពិបាកគ្រប់យ៉ាងក្នុងការបង់លុយសម្រាប់ធ្វើដំណើរលើផ្លូវជាតិមួយនេះ។ ខ្ញុំបានស្តាប់ និងបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ហើយនៅក្នុងថ្ងៃប្រជុំសភាថ្ងៃនេះ ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តី គឺបានសម្រេចបញ្ឈប់មិនអោយយកលុយទាំងស្រុងពីអ្នកធ្វើដំណើរចាប់ពី ម៉ោង១២ យប់ ថ្ងៃទី១៣ មករា ២០១៦នេះតទៅ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកយកផ្លូវជាតិលេខ ៤ មកកាន់កាប់ទាំងស្រុងចាប់ពីពេលនេះតទៅ។ ដូច្នេះចាប់ពីពេលនេះតទៅគឺទាំងពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៤ និងពលរដ្ឋអ្នកធ្វើដំណើរទូទាំងប្រទេសឆ្លងកាត់ផ្លូវនេះទាំងអស់គឺមិនត្រូវបង់លុយតទៅទៀតឡើយ។

ខ្ញុំសូមអរគុណប្រជាពលរដ្ឋដែលតែតែផ្តល់ព័ត៌មានពិត និងយោបល់ល្អៗមកខ្ញុំតាមរយះគេហទំព័រហ្វេសប៊ុគរបស់ខ្ញុំ ដើម្បីយើងរួមគ្នាដោះស្រាយ និង កសាងអភិវឌ្ឍន៍សង្គមជាតិអោយកាន់តែរីកចម្រើខ្លាំងទៅមុខដើម្បីប្រជាពលរដ្ឋមានការងារ និងជីវភាពរស់នៅកាន់តែប្រសើរឡើង៕